ប្រវត្តិបុណ្យភ្ជុំបិណ្ឌ
តើបុណ្យភ្ជុំបិណ្ឌ ប្រារព្ធនៅពេលណា?
ពីសម័យពុទ្ធកាលគេប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ នៅក្នុងខែវស្សាចំនួនបីខែ ដែលនៅពេល នោះប្រជាជននាំគ្នាធ្វើចង្ហាន់ យកទៅប្រគេនដល់ព្រះសង្ឃនៅឯវត្ត ដោយសារតែខែនោះមាន ភ្លៀងធ្លាក់ខ្លាំងពេក។ ប៉ុន្តែសពថ្ងៃ គេប្រារព្ធពិធីបុណ្យនេះ តែដប់ប្រាំថ្ងៃតែប៉ុនោះដោយការ មមាញឹករបស់រដ្ឋាភិបាល ក៏ដូចជាប្រជាជននៅក្នុងខែនោះ គេបាន បន្ថយរយៈពេលមកខ្លីវិញ។ ពិធីបុណ្យនេះ ចែកចេញជាពីរថ្នាក់ ដោយចាប់ពី ថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ គឺជាថ្ងៃ កាន់បិណ្ឌ ដែលប្រជាជនទូទាំងប្រទេស មកជួបជុំ គ្រួសារនិងធ្វើ ចង្ហាន់យកទៅវត្ត។ ចំណែកឯ ថ្នាក់ទីពីរវិញ គឺជាថ្ងៃបុណ្យភ្ជុំដែលត្រូវនឹងថ្ងៃ ១៥រោច។ រដូវបុណ្យភ្ជុំបិណ្ឌ ចាប់តាំងពីសម័យបុរាណ កាលរហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះគេតែងតែប្រារព្ធ នៅក្នុងរដូវវស្សា ព្រោះនៅ ក្នុងរដូវនេះពពួកប្រេត អាចមាន ឱកាសច្រើនក្នុងការស្វែងរក ចំណីអាហារ ជាងរដូវផ្សេងៗ ទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុង វស្សារដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ និងកំហាក សម្បូរនៅក្នុង ខែភ្លៀងផ្គរ។ រយះពេល ១៥ថ្ងៃនេះ មានពពួក បេតជន (ពួកប្រេត) សាច់ញាតិទាំងប្រាំពីរសណ្ដាន ដែលអត់ឃ្លានអាហារអស់រយៈ ពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំង អនុញ្ញាត ឲ្យមកស្វែងរកសាច់ញាតិ នៅតាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសល ឲ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗបុរាណនិយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួក បេតជនទាំងអស់នោះដើរស្វែងរកញាតិចំនួន៧វត្ត នៅតែមិនឃើញ នោះពពួកប្រេតទាំងអស់ នោះនឹងស្រែកយំទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាព ស្រេកឃ្លានក្រហល់ក្រហាយ ក្នុងចិត្ត។ ជាពិសេសពពួកបេតជនទាំងអស់នោះ នឹងជេរដាក់ បណ្ដាសាដល់សាច់ញាតិ កូនចៅជាមិនខាន។
ហេតុអ្វីបានជាគេ ប្រារព្ធពីធីបុណ្យនេះ?
គេប្រារព្ធពីធីបុណ្យនេះ ដើម្បីដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយមិនដឹងជាទៅចាប់ កំណើតនៅលោក ខាងមុខជាអ្វីនោះ។
តើគេធ្វើអ្វីខ្លះ នៅក្នុងពីធីបុណ្យភ្ជុំបិណ្ឌ?
- បោះបាយបិណ្ឌ
- ទៅវត្ត (ចំនួន៧វត្ត)
- ធ្វើនំគម អន្សម
- ជួបជុំបងប្អូន
បរាភរសូត្រ
តែងត្រូវបានព្រះសង្ឃសូត្រនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃនាពេលទៀបភ្លឺ នៅក្នុង អំឡុងពេលបុណ្យកាន់បិណ្ឌ។ នៅក្នុងបរាភវសូត្រនេះជារឿយៗគេឮឃ្លាមួយដែលថា នាំឲ្យវិនាស។ ឃ្លានេះ ជាហេតុនាំឲ្យអ្នកខ្លះមានទស្សនៈថា ពួកគេមិនហ៊ានស្ដាប់ធម៌បរាភវសូត្រទេ ព្រោះខ្លាច វិនាស។
តាមពិតបរាភវសូត្រមានន័យថា «មាត្រាដែលពោលពីធម្មជាតិដែលគ្មានក្ដីចម្រើន ឬធម៌ជាហេតុនាំឲ្យមានក្ដីវិនាស»។ សូត្រនេះមាននៅក្នុងគម្ពីរសុត្តន្តបិដកខុទ្ទកនិកាយ សុត្តនិបាត តតិយភាគទី៥៤ ទំព័រទី៣៦។ ធម៌នេះយើងអាចអះអាងថា មិនមែនធ្វើឲ្យអ្នកស្ដាប់ បានដល់នូវក្ដី វិនាសឡើយ ផ្ទុយទៅវិញធ្វើឲ្យអ្នកស្ដាប់បានដឹងច្បាស់ពីមូលហេតុដែលនាំឲ្យវិនាស ហើយឲ្យគេ ជៀសវាង ដើម្បីគេចឲ្យផុតពីក្ដីវិនាសហើយ ប្រសិនបើគេមិនបានស្ដាប់ធម៌នេះ គេអាចនឹងមិនដឹង ពីហេតុដែលនាំឲ្យវិនាសហេតុនេះអាចនឹងប្រព្រឹត្តខុសជាហេតុនាំឲ្យវិនាសទៅវិញទេ។ ក្នុងនោះ ព្រះពុទ្ធបានបង្រៀនពីហេតុផលសាមញ្ញៗ និងជាក់ស្ដែងដូចជាថា បុគ្គលដែលមានវ័យចំណាស់ ពេកហើយយកមនុស្សក្មេងជាប្រពន្ធប្ដីភាពជាបុគ្គលអកត្ដញ្ញូ មិនដឹងគុណឪពុកម្ដាយ អ្នកលេងល្បែង ៣ប្រការ គឺល្បែងស្រី ល្បែងស្រា និងល្បែងភ្នាល់ គ្រប់ប្រភេទ ភាពជាអ្នកខ្ជិលច្រអូសជាដើម ថាហេតុនាំមកនូវក្ដីវិនាស។ ទាក់ទិននឹង ជំនឿដែលពុទ្ធបរិស័ទលើកឡើងអំពីការពូនភ្នំខ្សាច់ នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ វាជាជំនឿមួយដែលខ្មែរយើងទូទៅយល់ថា វាល្អហើយមាន ប្រយោជន៍ទើបពួកគាត់ធ្វើ។ ហើយបានដាក់លុយទៅតាមភ្នំខ្សាច់នីមួយៗ ព្រមទាំងអុជធូបស្មាលា កំហុសបាបមួយចំនួន ដែលខ្លួនបានសាងឡើង ដោយមិនបានចាប់អារម្មណ៍កន្លងមក។ ការពូន ភ្នំខ្សាច់នេះ ក៏ជាការឧទ្ទិសកុសលមួយជូនដល់ឧបការីជនទាំងឡាយ ដែលបានលាចាក លោកផងដែរ។
វិធីបោះបាយបិណ្ឌ
នៅព្រលឹមម៉ោង៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នាដើរទៅវត្ដអារ៉ាម ជាមួយនឹងនំចំណី ដែលធ្វើរួចជាស្រេច ដាក់ក្នុងចានការបោះបាយបិណ្ឌ ជាជំនឿអរូបិយមួយផងដែរ ដែលប្រជាពលរដ្ឋ ខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដាន សាច់សាលោហិត ដែលបានចែកឋានទៅបរលោក។ ការបោះបាយបិណ្ឌ (ការបោះដុំបាយ) អ្នកដែលជឿថា បោះបាយ បិណ្ឌមានប្រយោជន៍គិតថា បោះបាយបិណ្ឌគឺបោះឲ្យពួកប្រេត ហេតុនេះទើបនៅតំបន់ខ្លះ មិនហៅ បាយបិណ្ឌទេ តែហៅថាបាយប្រេត។
ប្រេតទាំង១២
រឿងដែលទាក់ទងអំពីប្រវត្តិបុណ្យភ្ជុំបិណ្ឌ
- ព្រេងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ-បណ្ដែតដូន
មានសេចក្ដីដំណាលថា មានឈ្មួញសំពៅ៥០០ ធ្វើដំណើរចេញទៅជួញតាមសមុទ្រ។ លុះទៅដល់កោះ មួយនោះជួនជាល្ងាច និងធ្វើដំណើរទៅមុខទៀតនឹងស្ទើរ ទើបនាំគ្នាចូលចតសំពៅនៅទីនោះ។ កោះនោះជាកោះដាច់ស្រយាល ឥតមានមនុស្សនៅទេ ហើយពេលយប់ តែងតែមានពួកប្រេតនាំគ្នាដើរ មករកស៊ី។ ពួកប្រេតទាំងនោះ លុះដើរក្រវែលរកអាហារ ឃើញមនុស្សដេកក្នុងសំពៅ ក៏ចាប់មនុស្ស កំពុងដេកលក់ យកទៅឲ្យចៅហ្វាយវាខ្លះ គិតនឹងហែកស៊ីខ្លះ។ ពួកមនុស្សដេកលក់ដោយសារសំឡេង ប្រេតនិយាយគ្នា ក៏ភ្ញាក់ឡើង ភ័យស្លុត យំសោកទ្រហឹង ខំអង្វរករដូចម្ដេច ក៏ពួកវាពុំព្រម ហើយគិតតែ ពីចាប់នាំទៅប្រគល់ឲ្យចៅហ្វាយនាយវា។
សម្រែកយំសោក បណ្ដាលឲ្យផ្អើលអស់មនុស្សទាំង ៥០០ សំពៅ ។ ពេលនោះ នាយសំពៅម្នាក់ ជាអ្នកឈ្លាសវៃ នឹកឃើញថា “បើទោះជាត្រូវស្លាប់ ក៏ត្រូវតែហ៊ានប្រថុយនិយាយតវ៉ាឲ្យអស់ចិត្តសិន មិនត្រូវឲ្យគេផ្ដាច់ជីវិតទទេៗ ឡើយ” គិតហើយ ក៏តាំងស្មារតីអង់អាច និយាយទៅកាន់ស្ដេចប្រេត សូមឲ្យលែងពួកខ្លួន, តែស្ដេចប្រេតនោះឆ្លើយថា “យើងនឹងសែងពួកឯងទៅវិញមិនបានទេ ព្រោះពួក យើងស្រេកឃ្លានណាស់ យ៉ាងនេះម្ដង បើលែងពួកអ្នកឯងទៅ មិនដឹងកាលណានឹងបានទៀតទេ ពួកយើងខ្សត់អាហារណាស់ !” ។
នាយឈ្មួញអង្វរថា :
សុំលោកលែងពួកយើងទាំងអស់វិញចុះ យើងសន្យាថា “នឹងទទួលរកអាហារជូនលោក រាល់ឆ្នាំ លុះត្រាតែអស់ជីវិត, បើលោកពិសាយើងទៅនោះ លោកបានឆ្អែតតែមួយគ្រាប៉ុណ្ណោះ, អំណឹះតទៅ លោកនឹងត្រូវអត់ឃ្លានទៀត, បើពួកយើងសន្យានឹងលោកយ៉ាងនេះ តើលោកយកផ្លូវណា? លោកសុខចិត្តពិសាររូបយើងឲ្យបានតែមួយចម្អែត ឬក៏សុខចិត្តទុកជីវិតពួកយើង ដើម្បីឲ្យទៅ រកអាហារជូនលោកវិញ?។
ពួកប្រេត ឮសំណើនៃនាយឈ្មួញដូច្នេះ ក៏គិតគ្នាមួយសន្ទុះ ទើបព្រមដោះលែងពួកឈ្មួញ ហើយផ្ដាំផ្ញើថា “កាលបើពួកអ្នកបានទៅដល់ស្រុកទេសខ្លួនហើយ កាលណា មានខ្យល់ជំនោរ ធ្លាក់មកពីទិសឯជើង អ្នកទាំងអស់គ្នា ត្រូវធ្វើក្បួនផ្ទុកធញ្ញជាតិ និងអាហារគ្រប់យ៉ាង មានលាជ, សណ្ដែក, ល្ង, ដូង, អំបុក, ចេក ជាដើម បណ្ដែតតាមខ្សែទឹកមកឲ្យយើងចុះ មិនបាច់នាំមកផ្ទាល់ទេ, ជំនោរខ្យល់ នឹងបញ្ជូនមកដល់យើងហើយ”។
ឮតែប៉ុណ្ណេះ ពួកអ្នកសំពៅ អររកអ្វីប្រៀបពុំបាន ហើយក៏នាំគ្នាចុះសំពៅរចោករចល់ខ្ញៀវខ្ញារ បើកចេញផុតពីនោះយ៉ាងប្រញាប់។ លុះទៅដល់ភូមិស្រុក ជួបជុំគ្រួសារហើយ ត្រូវនឹងពេល ជិតដល់រដូវភ្ជុំ ដែលទឹកឡើងជាលំដាប់ផង អ្នកដែលបានសន្យានឹងប្រេតទាំងនោះ ក៏នាំគ្នាធ្វើនំនែក រកចេកអំពៅ លាជ ស្រូវ អង្ករ ផ្លែឈើ ដែលមានក្នុងរដូវនោះ ធ្វើពោងពាយ ហើយដាក់បណ្ដែត បញ្ជូនទៅឲ្យប្រេតតាមខ្សែទឹករាល់ៗ ឆ្នាំ។ មនុស្សជាន់ដើម កាន់ពាក្យសច្ចៈល្អណាស់ បើនិយាយ សន្យាថាដូចម្ដេចហើយ មិនហ៊ានបំពានទេ។ ចំណេរតមក អ្នកស្រុកក៏នាំគ្នាធ្វើតៗ មកទៅជាទំនៀម ទម្លាប់ដោយយល់ថា ”ធ្វើបុណ្យបណ្ដែតស្រូវអង្ករទៅឲ្យដូនតា ដែលទៅកើតជាប្រេត ឋិតនៅឯស្រុក ទន្លេស្ងួត កន្ទួតមួយដើម” នោះវិញ។
ប្រវត្ដិបុណ្យភ្ជុំបិណ្ឌនេះដែរ បើតាម គម្ពីរោកកុឌសូត្រ បានលើកឡើងថាព្រះបាទ ពិម្ពិសារមានញាតិមួយក្រុមបានបំពេញទានមិនបរិសុទ្ធគឺស៊ីបាយមុនលោកពេលលាចាកខាង មុខក៏កើតជា «ប្រេត»។លុះដល់ព្រះសម្ពុទ្ធ ព្រះនាមកុក្ក បានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងនោះទៅសួរព្រះថា ចុះយើងខ្ញុំកាលណាបានអាហារបរិភោគ? ព្រះពុទ្ធត្រាស់ថា ចាំសួរព្រះពុទ្ធជាន់ក្រោយចុះ ក្នុងសាសនាតថាគត អ្នកទាំងឡាយនឹងបានអាហារបរិភោគ។